Friday, July 23, 2010

ព្រមព្រៀងទៀងនឹងជោគជ័យ

ព្រមព្រៀងទៀងនឹងជោគជ័យបទចម្រៀង ឬ បទភ្លេងដែលពីរោះរណ្តំដួងចិត្តរបស់អ្នកស្តាប់នោះ ក៏ព្រោះតែការស្រុះស្រប នៃឧបករណ៍ភ្លេងនិងមនុស្ស ឧបករណ៍ភ្លេងនីមួយៗត្រូវសម្រួលទំនុក ទំនងឲ្យចូលគ្នាបាន អ្នកចម្រៀងក៏ត្រូវហ្វឹកសមសម្លេងរបស់ខ្លួនឲ្យចូលនឹងឧបករណ៍ភ្លេង កាលបើអ្វីៗស្រុះស្របគ្នាហើយ ជោគជ័យក៏នឹងកើតឡើងដល់វង់ភ្លេងឬក្រុមការងារនោះ
មនុស្សចាប់ពី ២ នាក់ឡើងទៅកាលបើត្រូវមករស់នៅរួមគ្នាហើយ តើគួរធ្វើយ៉ាងណាទើបស្រុះស្រប គ្នាបានដូចយ៉ាងវង់ភ្លេង ដោយគ្មានទំនាស់ទាស់ទែងណាៗ ចម្លើយ គឺ ត្រូវតែដូចគ្នា ក្នុងអតីតកាល ព្រះបោរាណាចារ្យមើលឃើញថា ត្រូវមានគំហើញ និង សកម្មភាពដូចគ្នា ពោលគឺ ទិដ្ឋិសាមញ្ញតា និង សីលសាមញ្ញតា ប៉ុន្តែបច្ចុប្បន្ន មនុស្សមើលឃើញ ថាត្រូវមានទស្សនគតិ ទំនៀមនិយម ជំនឿ ដូចគ្នា ដែលត្រូវតែសម្របឲ្យចូលចង្វាក់ជាមួយនឹងគ្នាបាន ប៉ុន្តែផ្សេងគ្នានៅត្រង់ថាតើព្រមសម្រប ឬមិនសម្របប៉ុណ្ណោះ បើមិនព្រមសម្របទេក៏ពិបាកនឹងស្រុះស្រួលគ្នាណាស់
នៅសម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់បានយាងទៅអើតងើតព្រះអនុរុទ្ធ ព្រះនន្ទិយៈ និងព្រះកម្ពិលៈ ដែលគង់ចាំវស្សានៅឯបាចីនវំសទាយវ័ន ត្រាស់សួរថា
"ហៃអនុរុទ្ធ ! នន្ទិយៈ ! កម្ពិលៈ ! ពួកលោករស់នៅដោយសេចក្តីព្រមព្រៀង មិនឈ្លោះទាស់ទែង មើលមុខគ្នាដោយសេចក្តី ស្រស់ស្រាយឬទេ? "
ព្រះអនុរុទ្ធក្រាបទូលថា
"បពិត្រព្រះអង្គទ្រង់ចម្រើន ! ខ្ញុំព្រះអង្គមានគំនិតថា ជាលាភរបស់ពួកយើងដែលបានមកនៅរួមគ្នាជាមួយនឹង សហព្រហ្មចារីយ៉ាងនេះ ខ្ញុំព្រះអង្គចូលទៅតាំងមេត្តាកាយកម្ម មេត្តាវចីកម្ម មេត្តាមនោកម្មទាំងចំពោះមុខនិង កំបាំងមុខចំពោះលោកទាំងនេះដោយគិតថា ធ្វើយ៉ាងណាហ្ន យើងនឹងសម្របចិត្តរបស់ខ្លួនឲ្យ ប្រព្រឹត្តទៅតាមអំណាចនៃចិត្តរបស់លោកទាំងពីរនេះទើបសម្របចិត្តរបស់ខ្លួនឲ្យប្រព្រឹត្តទៅ តាមអំណាចនៃចិត្តរបស់លោកទាំងពីរនោះ កាយរបស់ខ្ញុំព្រះអង្គផ្សេងគ្នាក៏មែនពិត ប៉ុន្តែដួងចិត្តវិញ ជាដួងចិត្តតែមួយ ពួកខ្ញុំព្រះអង្គរស់នៅដោយសេចក្តីព្រមព្រៀងគ្នា មិនឈ្លោះប្រកែកគ្នាទេ សម្លឹងមើលមុខគ្នាដោយសេចក្តីស្រស់ស្រាយ ព្រះអង្គ !"
ចំណែកឯព្រះនន្ទិយៈនិងព្រះកម្ពិលៈក៏ក្រាបទូលសេចក្តីដូចនឹងព្រះអនុរុទ្ធក្រាបទូលសព្វគ្រប់ប្រការ ។
ការងារសង្គមមិនមែនជាការងារឯកជននឹងសម្រេចជោគជ័យបានព្រោះអាស្រ័យសេចក្តីស្រុះស្របនៃក្រុមការងារ ពួតដៃគ្នាធ្វើដោយសាមគ្គីភាព បើកើតសាមគ្គីភេទឡើងហើយ ក៏ពិបាកនឹងសម្របសម្រួលឲ្យ សម្រេចជោគជ័យណាស់ កាលបើឃើញថាសាមគ្គីធម៌ជាកម្លាំងស្នូលក្នុងការងារទាំងពួង ក៏គប្បីឲ្យសារៈសំខាន់ដល់សាមគ្គីធម៌លើសអ្វីៗដទៃទៀត មិនចាក់ចុចអុជអាលបណ្តាលឲ្យកើត រលករង្គំ នៅពេលជាមួយគ្នានោះ ក៏លើកស្ទួយសាមគ្គីធម៌ក្នុងក្រុមការងារឲ្យច្រើនឡើង កម្លាំងសាមគ្គីកើតចេញពីការសហការគ្នា ជាការសម្របកាយ វាចា ចិត្តឲ្យចូលគ្នាជាធ្លុងមួយ ដោយធ្វើសកម្មភាពដូចគ្នា និយាយសម្លេងតែមួយ គិតលើគោលដៅដូចគ្នា ប្រមូលផ្តុំផ្គុំជាចិត្តតែមួយ សកម្មភាពទាំង នេះនឹងកើតឡើងបានលុះត្រាតែម្នាក់ៗយល់ច្បាស់ចំពោះគោលបំណង កាត់បន្ថយ អត្តទត្ថនិយម ជម្រុះជម្លោះចោល ផ្តោតលើសមិទ្ធិផលការងារជាប្រការសំខាន់ មិនប្រកួចប្រកាន់ខ្លួន ត្រៀមខ្លួនជានិច្ចដើម្បីនឹងភ្ជាប់កម្លាំងចូលនឹងក្រុម ការងារបានដោយគ្មានលក្ខខណ្ឌណាៗ កាលបើកម្លាំងព្រមព្រឺសហើយដូច្នេះគោលបំណងទៀងតែនឹងសម្រេចបានដោយពិតប្រាកដ ។

No comments:

Post a Comment