Friday, July 23, 2010

រាល់សកម្មភាពជីវិតព្រោះមានចិត្តជាប្រធាន

រាល់សកម្មភាពជីវិតព្រោះមានចិត្តជាប្រធាន 
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតី វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី ។
ទង្វើអ្វីៗមានចិត្តជាប្រធាន មានចិត្តជាធំ កើតចេញពីចិត្ត បើមានចិត្តស្អាតស្អំ ទោះនិយាយឬធ្វើអ្វីក៏ដោយ សេចក្តីសុខ តែងអន្ទោលតាមបុគ្គលនោះបីដូចជាស្រមោលអន្ទោលតាមប្រាណដូច្នោះ ។
ចិត្តរបស់មនុស្សចាត់ជាធម្មជាតិអស្ចារ្យណាស់ ជាមណ្ឌលប្រមូលផ្តុំចេតនារម្មណ៍ ស្មារតីចងចាំ លំនឹកគិត ចំណេះដឹង ផ្សេងៗជាទីទទួលរងសុខនិងទុក្ខទាំងពួងនិងជាដើមហេតុនៃសកម្មភាពគ្រប់យ៉ាងរបស់ម្ចាស់ចិត្ត ហេតុនោះ ទង្វើអ្វីៗ មានន័យថា លំនឹកគិតនិងសកម្មភាពទាំងឡាយរបស់មនុស្សទើបឈ្មោះថា មានចិត្តជាប្រធាន មានចិត្តជាធំ និងកើត ចេញពីចិត្តទាំងអស់ ។
តាមធម្មតា ចិត្តរបស់មនុស្សជាធម្មជាតិថ្លា ស្អាត បរិសុទ្ធ ប៉ុន្តែបែ្រសភាពទៅជាល្អក់ល្អន់ សៅហ្មងម្តងម្កាល ក៏ព្រោះតែ អំណាចនៃអ្វីៗដែលចូលមកគ្របសង្កត់ អ្វីៗនោះហៅថា កិលេស បានដល់ លោភៈ ទោសៈ មោហៈ ជាដើម កាលណា ចិត្តត្រូវលោភៈគ្របសង្កត់ឬមានលោភៈកើតឡើងក្នុងចិត្ត កាលនោះ ចិត្តក៏គិតតែពីចង់បាន ចង់មាន ចង់យ៉ាងណាឲ្យតែ បាន គិតយ៉ាងណាមិនឲ្យបាត់បង់ ឬកាលណាចិត្តត្រូវទោសៈគ្របសង្កត់ កាលនោះ ចិត្តគិតតែពីប្រទូស្តរ៉ាយដោយ អាឃាតព្យបាទ បង្កបង្កើតកិរិយាអាការមិនពេញចិត្ត កើតកំហឹងកំហល់ឡើង ជាដើម ព្រះបោរាណាចារ្យបានប្រៀបធៀបទៅនឹងទឹក តាមប្រក្រតីភាព ទឹកជាធម្មជាតិថ្លា ស្អាត ប៉ុន្តែល្អក់កខ្វក់ទៅព្រោះ មានវត្ថុលាយឡំ គឺ បើយកពណ៌ក្រហមលាយចូលទៅ ទឹកនោះក៏ក្លាយទៅជាទឹកក្រហម បើយកពណ៌លឿងលាយ ចូលទៅ ទឹកនោះក៏ក្លាយទៅជាទឹកលឿង ថ្វីបើទឹកនោះមិនមែនជាទឹកក្រហមឬទឹកលឿងក៏ដោយ ប៉ុន្តែក្លាយទៅជាទឹក ពណ៌នោះៗក៏ព្រោះតែអំណាចនៃពណ៌ដែលលាយចូលទៅនោះឯង យ៉ាងណាមិញ ចិត្តរបស់មនុស្សក៏ដូច្នោះដែរ តាមប្រក្រតីភាព ចិត្តជាធម្មជាតថ្លា ស្អាត ប៉ុន្តែក្លាយជាចិត្តចង់បាន ចិត្តខឹង ចិត្តវង្វេងជាដើមក៏ព្រោះតែអំណាចនៃ កិលេសដែលកើតឡើងក្នុងចិត្តនោះឯង ។
ព្រោះហេតុនោះ បុគ្គលកាលបើត្រូវការដុសជម្រះចិត្តឲ្យស្អាតបរិសុទ្ធជានិច្ច គប្បីប្រុងប្រៀបមិនឲ្យចិត្តល្អក់ល្អន់ សៅហ្មងដោយការការពារមិនឲ្យលោភៈ ទោសៈ មោហៈជាដើមចូលមកមានអំណាចលើចិត្ត បើចិត្តស្អាតស្អំហើយ ម្ចាស់របស់ចិត្តទោះនិយាយឬធ្វើអ្វីក៏ដោយ ទង្វើដែលធ្វើនិងពាក្យសម្តីដែលនិយាយនោះក៏ស្អាតស្អំជាសុចរិតដែរ កាលបើព្រឹត្តិកម្មផ្សេងៗជាសុចរិតមិនខុសសីលធម៌ហើយ លទ្ធផលដែលទទួលបាន គឺ សេចក្តីសុខ ក៏សេចក្តីសុខ នោះឯងតែងអន្ទោលតាមអ្នកមានទង្វើស្អាតស្អំនោះតាមហុចផលដល់គេជារៀងរហូតទៅបីដូចជាស្រមោលអន្ទោល តាមប្រាណទៅដូច្នោះ ទោះម្ចាស់កាយធ្វើដំណើរទៅណាមកណាស្រមោលក៏មិនបោះបង់ចោលឡើយ ។
ចិត្តរបស់មនុស្សចាត់ជាបណ្ណសារដ្ឋានរួបរួមសុខនិងទុក្ខទាំងពួង កាលបើចិត្តមានសុខឬទុក្ខកាយក៏ទទួលរងសុខ និង ទុក្ខដែរ ការគ្រប់គ្រងចិត្តឲ្យមានសេរីភាពមិនឲ្យជាទាសកររបស់កិលេសចាត់ជារឿងសំខាន់ចាំបាច់ណាស់ ជាការការ ពារមិនឲ្យម្ចាស់ចិត្តនិយាយខុសធ្វើខុស ពោលគឺ មិនឲ្យមានទុក្ខនោះឯង មនុស្សដែលធ្វើសកម្មភាពខុសឆ្គងផ្សេងៗ ក៏ព្រោះតែបណ្តែតបណ្តោយចិត្តឲ្យហូរទៅតាមក្រសែកិលេសផ្សេងៗនោះឯង ចូរសាងទំនប់ទប់ក្រសែកិលេសឡើង ត្រង់ចិត្តនេះឯង និងការពារទំនប់នេះឲ្យបានល្អ ក្រសែកិលេសនឹងមិនអាចជ្រែកជ្រាបឬហូរកាត់ចិត្តមកបង្កទុក្ខទោសបានទេ ។

No comments:

Post a Comment