វេយ្យាករណ៍បាលី

១.ស្រៈ និង ព្យញ្ជនៈ
ក្នុងភាសាបាលី មានស្រៈ ៨​ តួ និង ព្យញ្ជនៈ ៣៣ ​តួ រួមទាំងអស់ជា ៤១ តួ ។
  1. ស្រៈ ៨ តួ គឺ អ អា ឥ ឦ ឧ ឩ ឯ អានថា អៈ អា អ៊ិ អ៊ី អ៊ុ អ៊ូ អេ អោ ។
  2. ព្យញ្ជនៈ ៣៣ តួ គឺ ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ,​ ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ ំ អានថា កៈ ខៈ គៈ ឃៈ ងៈ, ចៈ ឆៈ ជៈ ឈៈ ញៈ, ដៈ ឋៈ ឌៈ ឍៈ ណៈ, តៈ ថៈ ទៈ ធៈ នៈ,បៈ ផៈ ពៈ ភៈ មៈ, យៈ រៈ លៈ វៈ សៈ ហៈ ឡៈ អំ(អ័ង) ។
  •  ស្រៈចែកជាសម្លេងមាន ២ យ៉ាង គឺ ស្រៈសម្លេងខ្លី និង ស្រៈសម្លេងវែង 
អ ឥ ឧ ហៅថា ស្រៈសម្លេងខ្លី ។ អា ឦ ឩ ឯ ឱ ហៅថា ស្រៈសម្លេងវែង ។
ស្រៈមានប្រយោជន៍ក្នុងការធ្វើឲ្យព្យញ្ជនៈបន្លឺសម្លេងបាន មានន័យថា ព្យញ្ជនៈនីមួយៗទាល់តែមាន ស្រៈទើបអាចបញ្ចេញសម្លេងបាន បើគ្មានស្រៈទេ ចាត់ជាមូគព្យញ្ជនៈ គឺ ព្យញ្ជនៈគ(mutes) ។
តួអក្សរនីមួយៗមាន ក ខ គ ជាដើម ឈ្មោះថា ព្យញ្ជនៈ
  • ព្យញ្ជនៈទាំង ៣៣ តួ ចែកជា ២ វគ្គ គឺ ព្យញ្ជនៈវគ្គ និង ព្យញ្ជនៈអវគ្គ 
  1. ព្យញ្ជនៈវគ្គ គឺ ព្យញ្ជនៈដែលចាត់ជាពួកជាក្រុម ចាត់ជាប្រព័ន្ធច្បាស់លាស់ មាន ២៥ តួ គឺ 
-ក ខ គ ឃ ង ហៅថា ក-វគ្គ ។
-ច ឆ ជ ឈ ញ ហៅថា ច-វគ្គ ។
-ដ ឋ ឌ ឍ ណ ហៅថា ដ-វគ្គ ។ 
-ត ថ ទ ធ ន ហៅថា ត-វគ្គ ។
-ប ផ ព ភ ម ហៅថា ប-វគ្គ ។
អធិប្បាយថា ក,ច,ដ,ត,ប ចាត់ជាព្យញ្ជនៈនៅមុខព្យញ្ជនៈដទៃទៀត ហេតុនោះទើបត្រូវបានកំណត់ តែងតាំងជាប្រមុខនៃព្យញ្ជនៈទាំងពួង ហៅថា ក-វគ្គ, ច-វគ្គ, ដ-វគ្គ, ត-វគ្គ និង ប-វគ្គ ។
ង,ញ,ណ,ន,ម ចាត់ជាព្យញ្ជនៈនៅចុងក្រោយគេ ទើបហៅថា ព្យញ្ជនៈវគ្គន្តៈ គឺ ព្យញ្ជនៈចុងវគ្គ ។
2.ព្យញ្ជនៈអវគ្គ គឺ ព្យញ្ជនៈដែលមិនចាត់ជាពួកជាក្រុមដូចយ៉ាងព្យញ្ជនៈវគ្គ មាន ៨​ តួ គឺ យ រ​ ល វ ស ហ ឡ អំ
២.ព្យញ្ជនៈសំយោគព្យញ្ជនៈសញ្ញោគ បានដល់ ការផ្គុំព្យញ្ជនៈបញ្ចូលគ្នាដោយឲ្យព្យញ្ជនៈមួយនៅលើ ព្យញ្ជនៈមួយទៀតនៅក្រោម ហៅថា ព្យញ្ជនៈតម្រួត គឺ យកព្យញ្ជនៈវគ្គមកដាក់ត្រួតលើគ្នាតាមវគ្គស្នើរបស់ខ្លួន ។
វិធីតម្រួតព្យញ្ជនៈចាប់ពី ២ តួឡើងទៅហៅថា សំយោគវិធាន  
១.តម្រួតព្យញ្ជនៈវគ្គ កវគ្គ[ក,ខ,គ,ឃ,ង] 
១.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាក្ក ,ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ក្ខ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួតលើ  
១.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា គ្គ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា គ្ឃ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ  ។ 
១.៣ ព្យញ្ជនៈទី ៥ គឺ មិនអាចត្រួតលើខ្លួនឯងបានទេ ប៉ុន្តែអាចត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ៥ ឬ ព្យញ្ជនៈចុងវគ្គ មិនអាចតម្រួតគ្នាជា ង្ង យ៉ាងនេះបាន ទេ ប៉ុន្តែអាចតម្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើម គឺ ង្ក ង្ខ ង្គ ង្ឃ បាន ។
២.តម្រួតព្យញ្ជនៈវគ្គ ចវគ្គ[ច,ឆ,ជ,ឈ,ញ 
២.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាច្ច , ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ច្ឆ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើច, ត្រួតលើ  
២.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ជ្ជ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ជ្ឈ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ  ។ 
២.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ញ្ញ, និងអាចត្រួត លើព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ញ្ច, ញ្ឆ,ញ្ជ,ញ្ឈ
៣.តម្រួតព្យញ្ជនៈ ដ-វគ្គ[ដ,ឋ,ឌ,ឍ,ណ] 
៣.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាដ្ត, ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ដ្ឋ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើដ, ត្រួតលើ  
៣.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ឌ្ឌ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ឌ្ឍ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ  ។ 
៣.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ណ្ណ, និងអាច ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ណ្ត, ណ្ឋ,ណ្ឌ,ញ្ឍ
៤.តម្រួតព្យញ្ជនៈ ត-វគ្គ[ត,ថ,ទ,ធ,ន] 
៤.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាត្ត ,ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ត្ថ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើត, ត្រួតលើ  
៤.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ទ្ទ, ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ទ្ធ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួត លើ 
៤.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ន្ន, និងអាចត្រួតលើ ព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ន្ត, ន្ថ,ន្ទ,ន្ធ
 ៥.តម្រួតព្យញ្ជនៈវគ្គ ប-វគ្គ[ប,ផ,ព,ភ,ម] 
៥.១ ព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ និង ត្រួតលើព្យញ្ជនៈទី ២  ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ១ ត្រួតលើព្យញ្ជនៈទី ១ គឺ បានជាប្ប , ជាព្យញ្ជនៈ ទី ១ ត្រួតលើព្យញ្ជនៈទី ២ គឺ បានជា ប្ផ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើប, ត្រួតលើ  
៥.២ ព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ និង ត្រួតលើព្យញ្ជនៈទី ៤ 
អធិប្បាយថា ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៣ គឺ បានជា ព្ព(និយមសរសេរ ជាព្វ), ជាព្យញ្ជនៈទី ៣ ត្រួតលើព្យញ្ជនៈទី ៤ គឺ បានជា ព្ភ ហៅឲ្យស្រួលចាំមាត់ថា ត្រួតលើ, ត្រួតលើ  ។ 
៥.៣ ព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ និង ត្រួតលើព្យញ្ជនៈទាំង ៤ តួខាងដើមបាន ។ 
អធិប្បាយថា ជាព្យញ្ជនៈទី ៥ ត្រួតលើព្យញ្ជនៈទី ៥ គឺ បានជា ម្ម, និងអាចត្រួតលើ ព្យញ្ជនៈទាំង ៤ តួខាងដើមបាន គឺ ម្ប,ម្ផ,ម្ព,ម្ភ
២.តម្រួតព្យញ្ជនៈអវគ្គ [យ,រ,ល,វ,ស,ហ,ឡ,ំ]
  • ព្យញ្ជនៈអវគ្គ ៣ តួ គឺ យ ល ស អាចត្រួតលើខ្លួនឯងបាន គឺ យ្យ ល្ល ស្ស ដូចជា សេយ្យោ សល្លក្ខេត្វា,អស្សោ
  • ព្យញ្ជនៈវគ្គ គឺ ក ខ គ ញ ណ ត ទ ន ប ព ម តម្រួតលើព្យញ្ជនៈអវគ្គបាន ដូចជា វាក្យំ,ក្រិយា ,ក្លេសោ,អាខ្យាតំ,អគ្យាគារំ, បញ្ហោ,ឧណ្ហោ,ន្ហានំ, អម្ហាកំ,កត្វា, ព្យញ្ជនំ, ប្លវោ...
  • ព្យញ្ជនៈអវគ្គត្រួតលើព្យញ្ជនៈអវគ្គផ្សេងគ្នា ដូចជា គារយ្ហា,វុល្ហតេ,អវ្ហានំ,មុឡ្ហោ... 
  • និគ្គហិត ំ (អំ)សម្រាប់តម្កល់លើព្យញ្ជនៈដទៃទាំងព្យញ្ជនៈវគ្គនិងព្យញ្ជនៈអវគ្គ ដូចជា អក្ខរំ, មុឡ្ហំ; និងសម្រាប់បំប្លែងជាព្យញ្ជនៈទីបំផុតវគ្គ ដូចជា សំ+ចេតនា>សញ្ចេតនា បំប្លែងនិគ្គហិត ំ(អំ)ជា ញ ជាដើម ។
៣.វិធីផ្សំស្រៈនិងព្យញ្ជនៈរាយ
ស្រៈបន្លឺសម្លេងបានដោយខ្លួនឯង និង ធ្វើឲ្យព្យញ្ជនៈបន្លឺសម្លេងបានផង 
  • ដូចជា អមរោ អានថា អៈមៈរោ [ស្រៈ អ ២ តួ និង ស្រៈ ឱ ១ តួ]
  • អា ដូចជា អាភា  អានថា អា-ភា [ស្រៈអា ២ តួ]
  • ដូចជា ឥណំ អានថា អ៊ិ-ណ័ង [ស្រៈ ឥ និង និគ្គហិត ឬ ហៅថា អនុសារ]
  • ដូចជា ឦសា អានថា អ៊ី-សា [ស្រៈ ឦ និង ស្រៈ អា]
  • ដូចជា ឧឡុ អានថា អ៊ុ-ឡុ [ស្រៈ ឧ និង ស្រៈ ឧ]
  • ដូចជា ឩកា អានថា អ៊ូ-កា [ស្រៈ ឩ និង ស្រៈ អា]
  • ដូចជា ឯសិកា អានថា អេ-សិ-កា [ស្រៈ ឯ ឥ និង អា]
  • ដូចជា ឱកាសោ អានថា អោ-កា-សោ[ស្រៈ ឱ អា និង ឱ ]
៤.វិធីផ្សំស្រៈនិងព្យញ្ជនៈតម្រួត 
៤.១ ស្រៈផ្សំនឹងព្យញ្ជនៈក-វគ្គ
  • សក្ក   អានថា ស័ក-កៈ    [ក្ក]
  • អក្ខរំ  អានថា អ័ក-ខៈ-រ័ង [ក្ខ]
  • អគ្គិ    អានថា អ័ក-គិ  [គ្គ]
  • អគ្ឃោ អានថា អ័ក-ឃោ  [គ្ឃ]
  • អង្កោ   អានថា អ័ង-កោ [ង្ក]
  • សង្ខារា អានថា ស័ង-ខា-រ៉ា [ង្ខ]
  • អង្គុលី   អានថា អ័ង-គុ-លី [ង្គ]
  • សង្ឃោ អានថា ស័ង-ឃោ [ង្ឃ]
៤.២ ស្រៈផ្សំនឹងព្យញ្ជនៈចវគ្គ
  • សច្ច   អានថា ស័ច-ចៈ [ច្ច]
  • អច្ឆរិយំ អានថា អ័ច-ឆៈ-រិ-យ៉ាំង [ច្ឆ]
  • វេជ្ជោ អានថា វេច-ជោ [ជ្ជ]
  • អភិជ្ឈា អានថា អៈភិច-ឈា  [ជ្ឈ]
  • សញ្ញា អានថា ស័ញ-ញ៉ា [ញ្ញ]
  • សញ្ចរតិ អានថា ស័ញ-ចៈ-រៈ-តិ [ញ្ច]
  • សញ្ឆាទេតិ អានថា ស័ញ-ឆា-ទេ-តិ [ញ្ឆ]
  • សញ្ជាតំ អានថា ស័ញ-ជា-ត័ង  [ញ្ជ]
  • សញ្ឈា អានថា ស័ញ-ឈា [ញ្ឈ]