Friday, July 16, 2010

រស់រួមត្រូវរៀបរយ

រួមរស់ត្រូវរៀបរយប្រសិនបើយើងភៀសខ្លួនទៅរស់នៅក្នុងព្រៃតែម្នាក់ឯងដូចយ៉ាងនាងព្រៃក្នុងខេត្តរតនគិរី មិនបាច់ពាក់ព័ន្ធនឹងមនុស្សក្នុង សង្គម ទោះបីបើយើងធ្វើអំពើអាក្រក់អាក្រៃយ៉ាងណា ក៏គ្មានអ្នកណាដឹងដែរ លើកលែងតែជំនាងព្រៃនិងសត្វព្រៃជា សាក្សីប៉ុណ្ណោះ ប៉ុន្តែកាលបើត្រូវរស់រួមនឹងជនដទៃក្នុងសង្គម ដែលប្រមូលផ្តុំគ្នាជាភូមិ ឃុំ ស្រុក សហគមហើយ ទោះបីធ្វើ សកម្មភាពអ្វីក៏គេដឹងដែរ ឬថាមិនហួសពីក្រសែភ្នែករបស់សមាជិកសង្គមឡើយ លើសពីនោះទៀត បើជាសកម្មភាពមាន ផលវិបាកជាគ្រឿងរ៉ាប់រង មិនយូរមិនឆាប់ ផលវិបាកនឹងស្តែងចេញឲ្យឃើញទាំងល្អនិងអាក្រក់ ពោលគឺ ផលល្អ និង ផល អាក្រក់នឹងត្រូវលាតត្រដាង ព្រោះហេតុនោះ មនុស្សគប្បីយល់ស្ថានភាពខាងសង្គមថា មនុស្សទាំងអស់មានសិទ្ធិទទួល ដឹងនិងរិះគន់កែលម្អ ទង្វើណាដែលមិនសមរម្យ បើមិនខ្លាចទេ ក៏ធ្វើទៅចុះ ប៉ុន្តែបើខ្លាចក្រែងរអែងខ្លះដែរ ក៏គប្បីសម្រួម រវាំងចំពោះទង្វើរបស់ខ្លួនឲ្យបានល្អជាទីបំផុត
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ដល់ការឆាន់ចង្ហាន់មួយកាលថា ធ្វើឲ្យរស់នៅសុខស្រួល មានជម្ងឺតិច ទាំងបបួលឲ្យភិក្ខុ ទាំងបដិបត្តិតាម ព្រះភទ្ទាលិមិនអាចឆាន់ចង្ហាន់មួយកាលបានទេ អាងថា រសាប់រសល់ក្រវល់ក្រវាយចិត្ត ព្រះដ៏មានព្រះ ភាគជាម្ចាស់ទ្រង់ណែនាំថាបើទទួលចង្ហាន់មកហើយ គប្បីឆាន់មួយចំណែក សល់មួយចំណែកទុកឆាន់ទៀត បើទុកជា ឆាន់ ២ ដងក៏មិនថ្វីដែរ ប៉ុន្តែឲ្យឆាន់ក្នុងកំឡុងពេលចាប់ពីថ្ងៃរះដល់ថ្ងៃត្រង់ ទុកជាដូច្នោះ ព្រះភទ្ទាលិក៏មិនអាចបដិបត្តិ បានដែរ ប្រកាសអសមត្ថភាពក្នុងការរក្សាសិក្ខាបទដែលព្រះអង្គបញ្ញត្តទុក ចាប់តាំងពីពេលនោះមក ព្រះភទ្ទាលិមិន ហ៊ានប្រទល់មុខនឹងព្រះដ៏មានព្រះភាគជាម្ចាស់រហូតដល់ ៣ ខែពេញ ចំណេរកាលតមក កើតស្មារលាទោសចូលទៅ គាល់ព្រះដ៏មានព្រះភាគជាម្ចាស់ដល់ទីប្រថាប់ ថ្វាយបង្គំហើយគង់ត្រង់អន្លើមួយក្រាបទូលថា
"បពិត្រព្រះអង្គទ្រង់ចម្រើន ! ទោសបានគ្របសង្កត់ខ្ញុំព្រះអង្គដែលល្ងង់ខ្លៅ ល្ងាក់ល្ងើ កញ្ឆោត ប្រកាសអសមត្ថភាពក្នុង ការរក្សាសិក្ខាបទដែលព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បញ្ញត្តទុក សូមព្រះអង្គទទួលដឹងទោសរបស់ខ្ញុំព្រះអង្គនោះ ដោយទោសភាពចុះ ដើម្បីការសម្រួមរវាំងតទៅ ព្រះអង្គ !"
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា "ណ្ហើយចុះ ! ភទ្ទាលិ ! ទោសបានគ្របសង្កត់លោកដែលល្ងង់ខ្លៅ ល្ងាក់ល្ងើ កញ្ឆោត ប្រកាសអសមត្ថភាពក្នុងការរក្សាសិក្ខាបទដែលយើងបញ្ញត្តទុក លោកមិនទាំងច្បាស់ប្រការដែលថា ព្រះដ៏មានព្រះភាគជាម្ចាស់ប្រថាប់នៅក្នុងក្រុងសាវត្ថី សូម្បីតែព្រះដ៏មានព្រះភាគជាម្ចាស់ក៏ទ្រង់ស្គាល់យើងថា ភិក្ខុ ឈ្មោះ ភទ្ទាលិមិនបំពេញសិក្ខាក្នុងសាសនារបស់ព្រះសាស្តាឲ្យពេញលេញទេ
លោកមិនទាំងច្បាស់ប្រការដែលថា ភិក្ខុជាច្រើនគង់ចាំវស្សានៅក្នុងក្រុងសាវត្ថី សូម្បីតែភិក្ខុទាំងនោះ ក៏ស្គាល់យើងថា ភិក្ខុឈ្មោះភទ្ទាលិមិនបំពេញសិក្ខាក្នុងសាសនារបស់ព្រះសាស្តាឲ្យពេញលេញទេ
លោកមិនទាំងច្បាស់ប្រការដែលថា ភិក្ខុណីជាច្រើនគង់ចាំវស្សានៅក្នុងក្រុងសាវត្ថី សូម្បីតែភិក្ខុណីទាំងនោះ ក៏ស្គាល់ យើងថា ភិក្ខុឈ្មោះភទ្ទាលិមិនបំពេញសិក្ខាក្នុងសាសនារបស់ព្រះសាស្តាឲ្យពេញលេញទេ
លោកមិនទាំងច្បាស់ប្រការដែលថា ញាតិញោម(ឧបាសកឧបាសិកា)ជាច្រើនរស់នៅក្នុងក្រុងសាវត្ថី សូម្បីតែញាតិ ញោមទាំងនោះក៏ស្គាល់យើងថា ភិក្ខុឈ្មោះភទ្ទាលិមិនបំពេញសិក្ខាក្នុងសាសនារបស់ព្រះសាស្តាឲ្យពេញលេញទេ
លោកមិនទាំងច្បាស់ប្រការដែលថា សមណព្រាហ្មណ៍លទ្ធិផ្សេងជាច្រើនគង់ចាំវស្សានៅក្នុងក្រុងសាវត្ថី សូម្បីតែ សមណៈព្រាហ្មណ៍ទាំងនោះក៏ស្គាល់យើងថា ភិក្ខុឈ្មោះភទ្ទាលិមិនបំពេញសិក្ខាក្នុងសាសនារបស់ព្រះសាស្តាឲ្យ ពេញលេញទេ" ។
ទស្សនវិស័យវែងឆ្ងាយ មានន័យថា មានចក្ខុវិស័យមើលឃើញវែងឆ្ងាយ ត្រូវនឹងពាក្យភាសាបាលីថា ទីឃទស្សី ឬ ចក្ខុមា រហូតដល់ពាក្យថា វិចក្ខណោ មានបញ្ញាត្រិះរិះពិចារណាហ្មត់ចត់ ពោលគឺ មុននឹងធ្វើសកម្មភាពអ្វី ក៏គប្បី សិក្សាឈ្វេងយល់ដល់ដើមហេតុចុងហេតុនៃរឿងនោះៗថាតើមានទំនាក់ទំនងចងឆ្វាក់នឹងគ្នាយ៉ាងណាខ្លះ សិក្សាវិធីអនុវត្តការងារយ៉ាងមានប្រសិទ្ធិភាព រហូតដល់អាចហ៊ានបូកសរុបលទ្ធផលទុកមុនផង ទស្សន៍ទាយស្ថាន ការណ៍ទុកមុនថាអនាគតនឹងទៅជាយ៉ាងណា តើមានអ្វីនឹងកើតឡើងខ្លះ បរិនាយកោ គឺ អ្នកនយោបាយដែលត្រូវ ដឹកនាំប្រយោជន៍សាធារណៈ ត្រូវមានទស្សនវិស័យវែងឆ្ងាយ ពោលគឺ ទីឃទស្សី ចក្ខុមា វិចក្ខណោ ៣​ ពាក្យនេះ ចាត់ជាគុណសម្បត្តិផ្នែកបញ្ញារបស់អ្នកនយោបាយ បុគ្គលដែលទន់ខ្សោយខាងទស្សនវិស័យ គឺ បុគ្គលអប្បបញ្ញា មិនគប្បីធ្វើជាអ្នកនយោបាយនោះទេ ត្រូវនឹងពុទ្ធតម្រាស់ថា ពាលោ អបរិនាយកោ មនុស្សល្ងង់មិនគប្បីធ្វើជា អ្នកដឹកនាំ អ្នកដឹកនាំដែលមិនទទួលបានការកោតសរសើរពីមហាជនហើយមិនអាចរក្សាជំហរនៃភាវៈជាអ្នកដឹកនាំ បានយូរអង្វែងក៏ព្រោះតែខ្វះទស្សនវិស័យនេះឯង ទស្សនវិស័យនេះមិនមែនកើតឡើងឯងតាមធម្មជាតិនោះទេ ប៉ុន្តែកើតឡើងតាមរយៈបញ្ញាភិវឌ្ឍន៍ ។
ពាក្យថា ទស្សនវិស័យ មិនប្រើចំពោះតែគុណសម្បត្តិរបស់អ្នកដឹកនាំឬអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាគុណ សម្បត្តិរបស់មនុស្សទូទៅ ជាមូលដ្ឋាន មនុស្សគ្រប់រូបគប្បីដឹងថា មនុស្សមានទំនាក់ទំនងគ្នាខាងសង្គម កាលបើ សមាជិកនៃសង្គមណាម្នាក់ធ្វើសកម្មភាពឬបង្ករឿងណាមួយ សកម្មភាពឬរឿងនោះតែងជះឥទ្ធិពលទៅលើខ្លួនឯង ឬ អ្នកដទៃក្នុងទ្រង់ទ្រាយធំឬតូចដោយចៀសមិនផុត ជាពិសេស សង្គមដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យ ពាក្យថា ប្រជាធិបតេយ្យ ប្រែថា ការគ្រប់គ្រងដោយប្រជាជន ការគ្រប់គ្រងរបស់ប្រជាជន និង ការគ្រប់គ្រងដើម្បី ប្រជាជន ប្រជាជនជាម្ចាស់អំណាចខ្ពង់ខ្ពស់ ប្រជាជនមានអំណាចក្នុងការត្រួតពិនិត្យមើលសកម្មភាពរបស់ខ្លួនឯង សកម្មភាពរបស់អ្នកដទៃ សកម្មភាពរបស់អ្នកតំណាងជាប់ឆ្នោត បើមានអ្នកតំណាងនៃសង្គមណាធ្វើសកម្មភាពដែល គ្មានតម្លាភាពនិងគួរឲ្យសង្ស័យ បុគ្គលដែលជាម្ចាស់អំណាចឬអ្នកតំណាងស្របច្បាប់ត្រូវសម្តែងមតិជំទាស់ដើម្បី បង្ហើបបង្ហាញសកម្មភាពមិនប្រក្រតីនោះឲ្យសាធារណជនដឹងឮជាទូទៅ តពីមាត់មួយទៅមាត់មួយរហូតដល់លេច ចេញជាពត៌មានគគ្រឹកគគ្រេង នេះគឺមូលដ្ឋានគ្រឹះដែលគួរយល់ដឹង បើប្រជាជនជាម្ចាស់អំណាចខ្ពង់ខ្ពស់មិនដឹង មូលដ្ឋានគ្រឹះនេះទេ បើអ្នកតំណាងណាម្នាក់ខ្វះចក្ខុវិស័យវែងឆ្ងាយធ្វើសកម្មភាពណាដែលជាការបៀតបៀត ប្រយោជន៍សាធារណៈ សង្គមនោះមុខគួរឲ្យព្រួយបារម្ភ ។

No comments:

Post a Comment